នាព្រឹកថ្ងៃសុក្រ ៣កើត ខែអស្សុជ ឆ្នាំច សំរឹទ្ធិស័ក ពស២៥៦២ ត្រូវនឹងថ្ងៃទី១២ ខែតុលា ឆ្នាំ២០១៨ នៅមន្ទីរគណបក្ស ប្រជាជនកម្ពុជាខេត្តកំពត បានរៀបចំពិធីប្រកាសប្រធានក្រុមការងារថ្នាក់កណ្តាលចុះជួយខេត្តកំពត ក្រោមអធិបតីភាព សម្តេចវិបុលសេនាភក្តី សាយ ឈុំ អនុប្រធានគណបក្សប្រជាជនកម្ពុជា និងជាប្រធានគណៈប្រចាំការនៃគណៈអចិន្ត្រៃយ័៍គណៈកម្មាធិការកណ្តាល ដោយមានការចូលរួមពីឯកឧត្តម លោកជំទាវ សមាជិកគណៈកម្មាធិការកណ្តាល សមាជិក សមាជិកាថ្នាក់កណ្តាលចុះជួយខេត្ត ឯកឧត្តម លោកជំទាវ លោក លោកស្រី សមាជិកអចិន្ត្រៃយ៍ សមាជិកគណៈកម្មាធិការគណបក្សខេត្ត ក្រុង ស្រុក ឃុំ សង្កាត់ និងគណបក្សមូលដ្ឋាន ព្រមទាំងគណៈចលនាបក្ស ចូលរួមប្រមាណជាង៦០០នាក់។
បន្ទាប់ពី ឯកឧត្តម សោម សឿន ប្រធានគណៈ ចាត់តាំងនៃគណៈអចិន្ត្រៃយ៍គណៈកម្មាធិការកណ្តាលគណបក្ស ប្រជាជនកម្ពុជា បានអានសេចក្តីសម្រេច ប្រកាសតែងតាំង ឯកឧត្តមបណ្ឌិត ប៉ែន ស៊ីម៉ន ជាប្រធានក្រុមការងារថ្នាក់កណ្តាលចុះជួយខេត្តកំពត រួចមក ឯកឧត្តម ជាវ តាយ ប្រធានគណៈកម្មាធិការគណបក្សប្រជាជនកម្ពុជាខេត្តកំពត បានអានរបាយការណ៍ពីវឌ្ឍនភាពការងារដឹកនាំរបស់រដ្ឋបាល និងរបស់គណបក្សខេត្តជូនអង្គពិធី។
នាឱកាសដ៏វិសេសវិសាលនោះដែរ ឯកឧត្តមបណ្ឌិត ប៉ែន ស៊ីម៉ន ប្រធានក្រុមការងារថ្នាក់កណ្តាលចុះជួយខេត្ត កំពត បានធ្វើការប្តេជ្ញាចិត្តយ៉ាងមោះមុតនឹងសម្រេចឱ្យបាននូវបណ្តាភារកិច្ចទាំងឡាយរបស់គណបក្សដែលបានប្រគល់ជូន និងថ្លែងអំណរគុណលើការជឿទុកចិត្តពីសម្តេចប្រធានគណបក្សដែលបានផ្តល់ឱកាសដល់ឯកឧត្តមក្នុងតួនាទីថ្មីនេះ។
ជាចុងក្រោយ សម្តេចវិបុលសេនាភក្តី សាយ ឈុំ បានអញ្ជើញជាកិត្តិយសដ៏ខ្ពង់ខ្ពស់ផ្តល់ជូននូវអនុសាសន៍ល្អៗដើម្បីជាគ្រឹះក្នុងកិច្ចអនុវត្តន៍គោលនយោបាយ និងតួនាទីភារកិច្ចរបស់មន្ត្រី ក្រុមការងារ និងគណះកម្មាធិការបក្សមូលដ្ឋានគ្រប់លំដាប់ថ្នាក់នៃគណបក្សប្រជាជនកម្ពុជាក្នុងអាណត្តិថ្មី៕
អត្ថបទៈ លោក ស្មាន់ វណ្ណនិមល