ឯកឧត្តមបណ្ឌិត ប៉ែន ស៊ីម៉ន សំណេះសំណាល​ជាមួយ​សិស្សានុសិស្ស​ប្រឡង​ជាប់​សញ្ញាបត្រ​មធ្យមសិក្សា​ទុតិយភូមិ ឆ្នាំ​២០១៨ក្នុង​ខេត្ត​កំ​ពត​


​ព្រឹក​ថ្ងៃអាទិត្យ ១៤​កើត ខែភទ្របទ ឆ្នាំច សំរឹទ្ធិស័ក ព​.​ស​២៥៦២ ត្រូវ​នឹង​ថ្ងៃទី​២៣ ខែកញ្ញា ឆ្នាំ​២០១៨ ឯកឧត្តម ជាវ តា​យ ប្រធាន​គណៈកម្មាធិការ​គណបក្ស​ប្រជាជន​កម្ពុជា ខេត្តកំពត បាន​អញ្ជើញ​អមដំណើរ​ឯកឧត្តម បណ្ឌិត ប៉ែន ស៊ីម៉ន អ្នក​តំណាង​រាស្ត្រ​មណ្ឌល​កំពត និង​ជា​ប្រធាន​គណៈកម្មាធិការ​ទី​១០ នៃ​រដ្ឋសភា ក្នុង​ពិធី​សំណេះសំណាល​ជាមួយ សិស្សា​នុសិស្ស​ប្រឡង​ជាប់​សញ្ញាបត្រ​មធ្យមសិក្សា​ទុតិយភូមិ ឆ្នាំ​២០១៨ ទូទាំង​ខេត្តកំពត នៅ​បរិវេណ​រមណីយដ្ឋាន​ស្រះ​ឈូក ស្ថិតក្នុង​ក្រុង​កំពត ខេត្តកំពត សរុប​ប្រមាណ​ ៥.០០០​នាក់​។​

​ឯកឧត្តម ជាវ តា​យ បានធ្វើ​សុន្ទរកថា​ស្វាគមន៍ ដោយមាន​ខ្លឹមសារ​ថា តាមរយៈ​កំណែទម្រង់​របស់​រាជរ​ដ្ឋា​ភិ​បាល​អាណត្តិ​ទី​៥ និង​កំណែទម្រង់​វិស័យ​អប់រំ ពិសេស​កំណែ​ទម្រង់ការ​ប្រឡង​តាម​ទិស​ស្លោក អ្នកចេះ​គឺជា​ប់ ដោយ​អនុវត្ត​គោលការណ៍​ច្បាប់ យុត្តិធម៌ តម្លាភាព និង​លទ្ធផល​ទទួលយកបាន រួមទាំង​មានការ​ជួយឧបត្ថម្ភ​ដ៏​ខ្ពង់ខ្ពស់​ទាំង​ស្មារតី ថវិកា​របស់​ឯកឧត្តម បណ្ឌិត និង​ការចូល​រួមសហការ​ពី​អាជ្ញាធរ អ្នកពាក់ព័ន្ធ សហភាព​សហព័ន្ធ​យុវជន​កម្ពុជា​ខេត្តកំពត បុគ្គលិក​អប់រំ អង្គភាព​ប្រឆាំង​អំពើពុករលួយ ព្រមទាំង​ការខិតខំ​រៀនសូត្រ ដែល​ប្រតិបត្តិ​តាម​បទ​បញ្ញា​តិ ការប្រឡង​របស់​ក្មួយៗ បេក្ខជន បានធ្វើ​ឲ្យ​លទ្ធផល​នៃ​ការប្រឡង​សញ្ញាបត្រ​ទុតិយភូមិ​ឆ្នាំ​២០១៨​នេះ ពិតជា​មាន ភាពល្អប្រសើរ​ជាង​ឆ្នាំមុនៗ​។​

​ឯកឧត្តម​ក៏បាន​ថ្លែងអំណរគុណ​ចំពោះ​ឯកឧត្តម បណ្ឌិត ប៉ែន ស៊ីម៉ន ដែល​បាន​ជួយឧបត្ថម្ភ​កន្លងមក ធ្វើ​ឲ្យ​មានការ​រីកចំរើន​ជា​បន្តបន្ទាប់ ព្រមទាំង​មាតា បិតា អាណាព្យាបាល​សិស្ស ដែល​បាន​បង្ក​ឱកាស​គ្រប់បែបយ៉ាង និង​ចូលរួម​ជំរុញ​កូនៗ ឲ្យ​ខិតខំ​រៀនសូត្រ ទទួលបាន​លទ្ធផល​គួ​ជាទី​មោទនៈ​។​

​សូមជម្រាបថា លទ្ធផល​នៃ​ការប្រឡង​សញ្ញាបត្រ​ទុតិយភូមិ​ឆ្នាំ​២០១៨ របស់​ខេត្តកំពត ដែល​ក្នុងនោះ​បេក្ខជន​ប្រឡង​សរុប​ចំនួន ៥.៤៦៥​នាក់ ស្រី ២.៧៣១​នាក់ បេក្ខជន ប្រឡង​ជាប់​សរុប​ចំនួន ៤.៤៣៤​នាក់ ស្រី ២.២៦៩​នាក់ ស្មើនឹង ៨១.១៣% កើន​លើស​ឆ្នាំ​២០១៧ ១២.៥១% ក្នុងនោះ​សិស្ស​ទទួលបាន​:
-​និទ្ទេស A ចំនួន ១៧​នាក់ ស្រី ០៩​នាក់​
-​និទ្ទេស B ចំនួន ១១៥​នាក់ ស្រី ៥៦​នាក់​
-​និទ្ទេស C ចំនួន ៣៧៦​នាក់ ស្រី ២០៨​នាក់​
-​និទ្ទេស D ចំនួន ១.០១៦​នាក់ ស្រី ២៦៣​នាក់​
-​និទ្ទេស E ចំនួន ២.៩១០​នាក់ ស្រី ១.៤៣៣​នាក់​៕
​អត្ថ​ប​ទៈ លោក ស្មាន់ វណ្ណ​និមល​