(កំពត)÷ នាព្រឹកថ្ងៃពុធ ១០កើត ខែភទ្របទ ឆ្នាំច សំរឹទ្ធិស័ក ព.ស២៥៦២ ត្រូវនឹងថ្ងៃទី ១៩ ខែកញ្ញា ២០១៨ នៅឃ៉ំថ្មី ស្រុកទឹកឈូ ខេត្តកំពត ឯកឧត្តម ជាវ តាយ សមាជិកគណៈកម្មាធិការកណ្តាលគណបក្សប្រជាជនកម្ពុជា និងជាប្រធានគណៈកម្មាធិការគណបក្សប្រជាជនកម្ពុជាខេត្តកំពត ដោយមានការចូលរួមពីសមាជិក សមាជិកាគណបក្សប្រជាជនកម្ពុជាខេត្ត គណៈកម្មាធិការគណបក្សស្រុក ឃុំ ក្រុមការងារយុវជន បានចុះចែកអំណោយជូនដល់ប្រជាពលរដ្ឋដែលរងគ្រោះដោយទឹកជំនន់ ចំនួន៥៦១គ្រួសារ ដែលមកពី៦ភូមិ ក្នុងឃុំថ្មី ស្រុកទឹកឈូ។ អំណោយ ដែលបានទទួលរួមមាន៖
– ៣០គ្រួសារ ទទួលបានធុងសេរ៉ាមិចចំនួន០១ និងធុងយួរដៃចំនួន០១ក្នុង១គ្រួសារ
– ២២៤គ្រួសារ ទទួលបានពិដុងទឹកស ២០លីត្រ ចំនួន០១ និងធុងបត់ចំនួន០១ ក្នុង១គ្រួសារ
– ២២៦គ្រួសារ ទទួលបានធុងបត់ចំនួន០១ និងធុងយួរ ២០លីត្រ ចំនួន០១ ក្នុង១គ្រួសារ
– ៨១គ្រួសារ ទទួលបានធុងយួរដៃចំនួន០៣ ក្នុង០១គ្រួសារ។
ឯកឧត្តម ជាវ តាយ បានពាំនាំនូវការផ្តាំផ្ញើសាកសួរ សុខទុក្ខ ពីសំណាក់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី និងជាប្រធានគណបក្សប្រជាជនកម្ពុជា ព្រមបានថ្លែងអំណរគុណដល់ប្រជាពលរដ្ឋ នៅខេត្តកំពតទាំងអស់ ដែលបានចូលរួមបោះឆ្នោតជាតិ កាលពីថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០១៨ កន្លងទៅរហូតដល់ខេត្តកំពត ទទួលបានអសន:៦លើ៦ ក្នុងការបោះឆ្នោតគាំទ្រគណបក្សប្រជាជនកម្ពុជា ដែលជាគណបក្សកាន់អំណាច ហើយយើងពិតជាមានការរីករាយ ដោយបានសម្តេចហ៊ុន សែន បន្តដឹកនាំរាជរដ្ឋាភិបាល ក្នុងអណត្តិទី០៦ ដែលប្រទេសកម្ពុជាទទួលបានតម្លៃនៃសន្តិភាព និងការអភិវឌ្ឍយ៉ាងពិតប្រាកដ។
ឯកឧត្តម ជាវ តាយ បានផ្តាំផ្ញើដល់ប្រជាពលរដ្ឋ សូមថែរក្សា ការពារសុខភាព ការពារ បង្ការជំងឺឆ្លងនានា រៀបចំកែលំអជួសជុលសម្ភារប្រេីប្រាស់ ដែលបានខូចខាតដែលបណ្តាលមកពីទឹកជំនន់កន្លងមក។ ជាពិសេសចូលរួមជាមួយអាជ្ញាធរមូលដ្ឋាន ក្នុងការកសាង អភិវឌ្ឍភូមិ ឃុំ ឲ្យមានការរីកចម្រើន និងថែរក្សា ការពារសន្តិភាព និងសមិទ្ធិផលនានាឲ្យបានគង់វង្សទុកជាសម្បត្តិដ៍មានតម្លៃសម្រាប់អ្នកជំនាន់ក្រោយ៕
អត្ថបទៈ លោក ជាង ស៊ីន