(កំពត)÷ នាព្រឹកថ្ងៃពុធ ០៣កេីត ខែភទបទ្រ ឆ្នាំច សំរឹទ្ធិស័ក ព.ស២៥៦២ ត្រូវនឹងថ្ងៃទី១២ ខែកញ្ញា ឆ្នាំ២០១៨ នៅភូមិបត់ក្បាលដំរី ឃុំម៉ាក់ប្រាង្គ ស្រុកទឹកឈូ បានរៀបពិធីបំពាក់មេដាយជូនក្រុមការងារឃុំដែលមានស្នាដៃឆ្នើម និងប្រជាពលរដ្ឋដែលបានបរិច្ចាគដីសម្រាប់កសាងផ្លូវចំនួន១៤១នាក់ ក្រោមអធិបតីភាព ឯកឧត្តមកិត្តិសេដ្ឋាបណ្ឌិត ចម ប្រសិទ្ធ សមាជិកគណ:កម្មាធិការកណ្តាល គណបក្សប្រជាជនកម្ពុជា ដោយមានការចូលរួមពីលោក ប៉ឹល កុសល សមាជិកអចិន្ត្រៃយ៍គណៈកម្មាធិការគណបក្សខេត្ត តំណាងឯកឧត្តម ជាវ តាយ សមាជិកគណ:កម្មាធិការកណ្តាលគណបក្សប្រជាជនកម្ពុជា ប្រធានគណ:កម្មាធិការគណបក្សប្រជាជនកម្ពុជាខេត្តកំពត ឯកឧត្តម លោកជំទាវ សមាជិកគណ:កម្មាធិការកណ្តាល ចុះជួយ ខេត្ត ស្រុក ឃុំ ឯកឧត្តម លោកជំទាវ សមាជិកអចិន្ត្រៃយ៏គណ:កម្មាធិការគណបក្ស ប្រធានគណបក្សមូលដ្ឋានមន្ទីរ អង្គភាព គណបក្សស្រុក គណ:កម្មាធិការគណបក្សមូលដ្ឋាន និងប្រជាពលរដ្ឋ ប្អូនៗសិស្សានុសិស្ស ក្រុមយុវជន សរុបប្រមាណ៦៥០នាក់។
ឯកឧត្តម កិត្តិសេដ្ឋាបណ្ឌិត ចម ប្រសិទ្ធ បាននាំយកនូវការផ្តាំផ្ញើសាកសួរសុខទុក្ខពីសំណាក់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា ជូនចំពោះមន្ត្រីគណបក្ស ជនរួមជាតិ ទូទាំងខេត្តកំពត ដែលបានគោរពស្រលាញ់ ជឿជាក់ និងគាំទ្រសម្តេចតេជោ ជានាយករដ្ឋមន្ត្រីសម្រាប់នីតិកាលទី៦នៃរដ្ឋសភាបន្តទៀត។ នាឳកាសនោះដែរ ឯកឧត្តមកិត្តិសេដ្ឋាបណ្ឌិត បានកោតសរសើរចំពោះមន្ត្រីគណបក្សមូលដ្នាន ដែលបានរួមសហការបានយ៉ាងល្អជាមួយក្រុមការងារតាមលំដាប់ថ្នាក់កន្លងមក បានបំពេញតួនាទីបម្រើគណបក្សយ៉ាងល្អ មោះមុតរហូតទទួលបាន ជោគជ័យយ៉ាង ត្រចះត្រចង់ក្នុងការបោះឆ្នោតតំណាងរាស្ត្រនីតិកាលទី៦ កន្លងមកនេះ។ ទន្ទឹមនេះបងប្អូនសមាជិកគណបក្សប្រជាជនកម្ពុជា រួមទាំងប្រជាពលរដ្ឋនៅមូលដ្ឋាននេះ ដែលបានលះបង់ដីធ្លី ដែលជាទ្រព្យដ៏មានតម្លៃ មកបរិច្ចាគជូនអាជ្ញាធរសម្រាប់ធ្វើការពង្រីក និងអភិវឌ្ឍន៏ផ្លូវ០១ខ្សែរ ប្រវែងជាង៦គីឡូមែត្រ ក្នុងភូមិបត់ក្បាលដំរី និងភូមិស្នំប្រាំពីរ ក្នុងឃុំម៉ាក់ប្រាំងឲ្យបានធំទូលាយងាយស្រួលធ្វើដំណើរ និងទាក់ទាញភ្ញៀវទេសចរណ៍ មកសម្រាក់កម្សាន្តប្រកបដោយផាសុខភាព និងសុវត្ថិភាព ក្នុងដឹកដីដ៍បវរនៃខេត្តកំពតយើងនេះ។
ជាមួយនេះឯកឧត្តមកិត្តិសេដ្ឋាបណ្ឌិត ចម ប្រសិទ្ធ បានសំណូមពរ ដល់ថ្នាក់ដឹកនាំ មន្ត្រីគណបក្ស និងប្រជាពលរដ្ឋទាំងអស់សូមខិតខំសំអាតបរិស្ថាន រៀបចំកន្លែងលក់ដូរឱ្យមានអនាម័យ សេវាល្អ ក្លាយជារមណីដ្ឋានទេសចរណ៍ធម្មជាតិជាទីទាក់ទាញ និងបន្តរួមគ្នា ថែរក្សាការពារសុខសន្តិភាព សមិទ្ធិផលជាតិ បន្តរួមគ្នាកសាងស្នាដៃអភិវឌ្ឍន៍ប្រទេសជាតិបន្ថែមទៀតសម្រាប់នីតិកាលទី៦នៃរដ្ឋសភា៕
អត្ថបទៈ លោក ជាង ស៊ីន