នៅព្រឹកថ្ងៃសុក្រ ១៥កើត ខែទុតិយាសាឍ ឆ្នាំច សំរឹទ្ធិស័ក ព.ស ២៥៦២ ត្រូវនឹងថ្ងៃទី២៧ ខែកក្កដា ឆ្នាំ ២០១៨ គណបក្សប្រជាជនកម្ពុជាខេត្តកំពត បានធ្វើពិធីបិទយុទ្ធនាការឃោសនាបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រនីតិកាលទី៦ ដោយដង្ហែក្បួនជុំវិញខេត្តក្រោមការចូលរួមពីសមាជិក សមាជិកាគណបក្ស ប្រមាណជាង៣៥.០០០នាក់ និងមានការប្រើប្រាស់ម៉ូតូ៥.៤៨៧គ្រឿង ព្រមទាំងរថយន្ត៦១០គ្រឿង។
មុនក្បួនចាប់ផ្តើមដង្ហែ អង្គពិធីមានការជួបជុំនៅរង្វល់មូលរូបសំណាក ផ្លែទុរេនក្រុងកំពត ក្រោមអធិបតីភាព ឯកឧត្តមបណ្ឌិត ប៉ែន ស៊ីម៉ន សមាជិកគណៈកម្មាធិការកណ្ដាលគណបក្សប្រជាជនកម្ពុជា ជាអនុប្រធានទី១ក្រុមការងារថ្នាក់កណ្ដាលចុះជួយខេត្តកំពត និងជាបេក្ខជនអ្នកតំណាងរាស្ត្រនីតិកាលទី ៦ រួមជាមួយ ឯកឧត្តម ជាវ តាយ សមាជិកគណៈកម្មាធិការកណ្តាល ប្រធានគណបក្សប្រជាជនកម្ពុជាខេត្តកំពត ព្រមទាំងអញ្ជើញចូលរួមជាកិត្តិយស ពីសំណាក់ឯកឧត្តម លោកជំទាវជាបេក្ខជនតំណាងរាស្ត្រពេញសិទ្ធិ និងបំរុងនៃគណបក្សប្រជាជនកម្ពុជាមណ្ឌលកំពត ក្រុមការងារថ្នាក់កណ្តាល ខេត្ត ស្រុក ក្រុង ឃុំ សង្កាត់ និងសមាជិក សមាជិកាគណបក្សទាំង៨ ក្រុង ស្រុក។
ជាមួយនឹងការជួបជុំនេះ សមាជិកសមាជិកាទាំងអស់បានទស្សនា និងស្ដាប់ប្រសាសន៍ដើមទាំងស្រុងរបស់សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា តាមរយៈការផ្សាយផ្ទាល់ពីមជ្ឈមណ្ឌល កោះពេជ្ររាជធានីភ្នំពេញសម្រាប់ពិធីបិទយុទ្ធនាការអស់រយៈពេល២១ថ្ងៃកន្លងមកនោះ។ ក្រោយបញ្ចប់ប្រសាសន៍របស់សម្តេចប្រធានគណបក្សប្រជាជនកម្ពុជា ឯកឧត្តមបណ្ឌិត ប៉ែន ស៊ីម៉ន បានអំពាវនាវដល់សមាជិកសមាជិកទាំងអស់ឱ្យរក្សាសណ្តាប់ធ្នាប់តាមដងផ្លូវក្នុងពេលហែរ ដើម្បីបង្ហាញនូវភាពថ្លៃថ្នូរ និងិត្យានុភាពរបស់គណបក្ស ដូចដែលដែលបងប្អូនធ្លាប់ប្រកាន់យកជាយូរមកហើយ និងសូមអញ្ជើញសមាជិក សមាជិកាបក្ស និងប្រជាពលរដ្ឋទាំងអស់ ទៅចូលរួមបោះឆ្នោត និងបោះឆ្នោតគាំទ្រគណបក្សប្រជាជនកម្ពុជា ដែលមានរូបសញ្ញាទេវតាបាចផ្កា និងលេខរៀងទី២០ក្នុងសន្លឹកឆ្នោត ជួរខាងក្រោមស្តាំដៃឲ្យបានគ្រប់ៗគ្នា នាថ្ងៃអាទិត្យទី២៩ ខែកក្កដា ឆ្នាំ២០១៨ ចាប់ពីម៉ោង ៧ព្រឹក រហូតដល់ម៉ោង ៣រសៀលកុំបីខាន ដើម្បីនាំមកនូវសន្តិភាព និងការអភិវឌ្ឍជូនជាតិ និងគ្រួសាររបស់យើង៕
អត្ថបទៈ គណៈឃោសនាអប់រំខេត្តកំពត