ថ្លែងនៅចំពោះមុខប្រជាពលរដ្ឋមកពីទូទាំងស្រុកអង្គរជ័យ ឯកឧត្តម ជាវ តាយ សមាជិកគណៈកម្មាធិការកណ្តាលគណបក្សប្រជាជនកម្ពុជា និងជាប្រធានគណៈកម្មាធិការគណបក្សប្រជាជនកម្ពុជាខេត្តកំពត បានមានប្រសាសន៍ថា ក្នុងករណីដែលគណបក្សប្រជាជនកម្ពុជាឈ្នះឆ្នោតបានដឹកនាំប្រទេសសម្រាប់អាណត្តិទី៦បន្តទៀត គ្រប់ផ្លូវសំខាន់ៗនៅតាមបណ្តាឃុំ-សង្កាត់ទូទាំងខេត្តកំពត នឹងក្លាយជាប្រភេទផ្លូវបេតុងទាំងអស់។ ថ្នាក់ដឹកនាំរបស់គណបក្សប្រជាជនកម្ពុជា មិនពូកែសន្យា ឬអួតអាងទេ តែបានខិតខំបង្កើតសមិទ្ធផលរហូតលេចចេញជារូបរាងនៅគ្រប់ទីកន្លែង។ ឯកឧត្តមបានមានប្រសាសន៍បន្តថា ដូច្នេះដើម្បីឲ្យគ្រប់បណ្តាមូលដ្ឋានកាន់តែរីកចម្រើនបន្ថែមទៀត សូមបងប្អូនអញ្ជើញទៅចូលរួម និងបោះឆ្នោតជូនគណបក្សប្រជាជនកម្ពុជានាថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០១៨ ដោយគូសឲ្យចំលេខរៀងទី២០ ដែលមានរូបសញ្ញាទេវតាជាសម្គាល់។
សូមបញ្ជាក់ថា នៅព្រឹកថ្ងៃអង្គារ ១២កើត ខែទុតិយាសាឍ ឆ្នាំច ព.ស២៥៦២ ត្រូវនឹងថ្ងៃទី២៤ ខែកក្កដា ឆ្នាំ២០១៨ ឯកឧត្តម ជាវ តាយ សមាជិកគណៈកម្មាធិការកណ្តាលគណបក្សប្រជាជនកម្ពុជា និងជាប្រធានគណៈកម្មាធិការគណបក្សប្រជាជនកម្ពុជាខេត្តកំពតបានអញ្ជើញចុះផ្សព្វផ្សាយគោលនយោបាយរបស់គណបក្សប្រជាជនកម្ពុជា ក្នុងយុទ្ធនាការស្វែងរកសំឡេងគាំទ្រសម្រាប់ការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រអាណត្តិទី៦។ ពិធីនេះប្រព្រឹត្តឡើងនៅបរិវេណវត្តភ្នំបុណ្យ ស្ថិតក្នុងឃុំដានគោម ស្រុកអង្គរជ័យ ដោយមានការចូលរួមជាកិត្តិយសពីសំណាក់ឯកឧត្តម ណាត ប៊ុនរឿន សមាជិកគណៈកម្មាធិការកណ្តាលគណបក្សប្រជាជនកម្ពុជា និងជាប្រធានក្រុមការងារចុះជួយស្រុកអង្គរជ័យ ព្រមទាំងឯកឧត្តម លោកជំទាវជាបេក្ខជនអ្នកតំណាងរាស្ត្រនីតិកាលទី៦មណ្ឌលកំពត លោក លោកស្រីក្នុងក្រុមការងារថ្នាក់កណ្តាល ថ្នាក់ខេត្ត ស្រុក និងមន្ត្រីបក្សមូលដ្ឋានឃុំ ភូមិ និងប្រជាពលរដ្ឋមកពីទូទាំងស្រុកអង្គរជ័យ ប្រមាណជាង ២.៥០០នាក់៕
អត្ថបទៈ ស្មាន់ វណ្ណនិមល