នៅព្រឹកថ្ងៃសុក្រ ១១កើតខែមាឃ ឆ្នាំរកា នព្វស័ក ព.ស២៥៦១ ត្រូវថ្ងៃទី២៧ ខែមករា ឆ្នាំ២០១៨ គណៈកម្មាធិការ គណបក្សប្រជាជនកម្ពុជា ខេត្តកំពត បានធ្វើពិធី ផ្សព្វផ្សាយ ខ្លឹមសារមហា សន្និបាតវិសាមញ្ញ តំណាងទូទាំងប្រទេស របស់គណបក្ស ប្រជាជនកម្ពុជា ក្រោមអធិបតីភាពឯកឧត្តមនៃប៉េណាសមាជិកអចិន្ត្រៃយ៍ នៃ គណៈកម្មាធិការកណ្ដាល និងជាប្រធាន ក្រុមការងារថ្នាក់កណ្ដាលចុះជួយខេត្ត កំពត។
អង្គពិធី បានប្រព្រឹត្តទៅក៏មានវត្តមានជាសមាជិក សមាជិកាចូលរួមពីសំណាក់ ឯកឧត្តម លោកជំទាវ លោក-លោកស្រី ជាសមាជិក សមាជិកានៃ គណៈកម្មាធិការគណបក្សប្រជាជនកម្ពុជា ថ្នាក់កណ្ដាល ថ្នាក់ខេត្ត និងថ្នាក់មូលដ្ឋាន ក្រុង ស្រុក ឃុំ សង្កាត់ សរុបចំនួនប្រមាណ ៥០០នាក់។ អង្គពិធីផ្សព្វផ្សាយ បានប្រព្រឹត្តទៅ អស់រយៈពេលពេញមួយថ្ងៃដោយ បានតាមដានស្ដាប់នូវរបាយការណ៍សកម្មភាពការងាររបស់គណបក្សខេត្ត។
សេចក្ដីព្រាងរបាយការណ៍ស្ដីពីសភាព ការណ៍ទូទៅ និងការងារគណបក្សប្រជាជនកម្ពុជាឆ្នាំ ២០១៧ និងទិសដៅភារកិច្ចឆ្នាំ២០១៨។ ការអនុវត្តផែនការឆ្ពោះទៅកាន់ការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រនីតិកាលទី៦ឆ្នាំ២០១៨។ កម្មវិធីនយោបាយរបស់គណបក្សប្រជាជនកម្ពុជាសម្រាប់ការកសាងនិង ការពារមាតុភូមិ ឆ្នាំ២០១៨-២០២៣។ ប្រសាសន៍ផ្ដាំផ្ញើសំខាន់ៗរបស់ឯកឧត្តម នៃ ប៉េណា ជូនដល់សមាជិក សមាជិកា នៃគណបក្សប្រជាជន គ្រប់លំដាប់ថ្នាក់។
បន្តបង្កើនការសាមគ្គីភាពអោយបានល្អរវាងថ្នាក់លើនិងថ្នាក់ក្រោមគណបក្ស ជំរុញយកចិត្តទុកដាក់អនុវត្តអោយបានចំទិសដៅនិងសស្រាក់សស្រាំថែមទៀតរាល់គោលការណ៍គណបក្សដាក់ចុះ។ សំដៅឆ្ពោះទៅកាន់គោលដៅតែមួយរួមគ្នាគឺការដណ្ដើមប្រៀបឈ្នះ ជាបន្តទៀត ក្នុងការបោះឆ្នោតជាតិលើកទី៦ ដែលជាការបោះឆ្នោតដ៏មានសារៈសំខាន់បំផុតសម្រាប់គណបក្សប្រជាជន។
ពិសេសរាល់គោលនយោបាយរាជរដ្ឋាភិបាលក្រោមការដឹកនាំរបស់សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី និងជាប្រធានគណបក្សប្រជាជនកម្ពុជា។ ដើម្បីបុព្វហេតុការពារយ៉ាងរឹងមាំឯករាជ្យ សេរីភាព អធិបតេយ្យ បូរណភាពទឹកដី និងសន្តិភាព ធានាការអភិវឌ្ឍប្រទេសជាតិ និងភាពសុខដុមរមនារបស់ប្រជាជន៕
អត្ថបទៈ លោក សាយ យាវ