ព្រឹកថ្ងៃអាទិត្យ ៧កើត ខែបុស្ស ឆ្នាំរកា ព.ស២៥៦១ ត្រូវនឹងថ្ងៃទី២៤ ខែ ធ្នូ ឆ្នាំ២០១៧ នៅសាលាខេត្តកំពត មានប្រារព្វពិធី សំណេះសំណាលជាមួយនិស្សិតអាហារូបករណ៍ ក្រោមអធិបតីភាព ឯកឧត្តមបណ្ឌិត ប៉ែន ស៊ីម៉ន ទេសរដ្ឋមន្ត្រី ទីប្រឹក្សាផ្ទាល់សម្តេចអគ្គមហា សេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រី្ត នៃព្រះរាជណាចក្រកម្ពុជា ជាមួយនិស្សិតអាហារូបករណ៍ ចំនួន ៧០០នាក់ដោយមានការអញ្ជើញចូលរួមពីឯកឧត្តម លោកជំទាវអ្នកតំណាងរាស្ត្រមណ្ឌលកំពត ក្រុមការងារជាតិចុះជួយមូលដ្ឋានខេត្ត ប្រធានក្រុមប្រឹក្សាខេត្ត គណៈអភិបាលខេត្ត្ត ថ្នាក់ដឹកនាំមន្ទីរ អង្គភាពជុំវិញខេត្ត អភិបាលស្រុក ក្រុង មាតាបិតាសិស្ស និងនិស្សិតអាហារូប ករណ៍ប្រមាណ ៨០០នាក់។
យោងតាមរបាយការណ៍របស់រដ្ឋបាលខេត្ត អានដោយលោក ស៊ឹម វុទ្ធា អភិបាលរងខេត្តតំណាង ឯកឧត្តម ចាន់ ចេស្តា អភិបាល នៃគណៈអភិបាលខេត្ត បានលើកឡើងពីវឌ្ឍនភាពនៃការងារអប់រំ យុវជននិងកីឡា ដែលក្នុងនោះមានផ្នែកអប់រំកុមារតូច, បឋមសិក្សា, មធ្យមសិក្សា, ឧត្តមសិក្សា, សាលាគរុកោសល្យនិងវិក្រិត្យការ គិតជារួមមានបុគ្គលិកអប់រំទាំង អស់សរុបចំនួន ៥,៨៧១នាក់ និងស្រីចំនួន ២,៤៩៣នាក់ ហើយនៅឆ្នាំ២០១៧ នេះ លទ្ធផលសិស្សប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិមានបេក្ខជនមកប្រឡងសរុប៥,០៦៤ នាក់ ស្រី២,៣៦៣ នាក់ ក្នុងនោះបេក្ខជនប្រឡងជាប់សរុបចំនួន ៣,៤៧៥នាក់ ស្រីចំនួន ១,៦៥០ នាក់ ស្មើនឹង ៦៨.៦២% (សិស្សនិន្ទេស A ចំនួន ២១នាក់ ស្រី១០នាក់)។ សិស្សទាំងអស់បានជ្រើសរើសជ័យលាភីអាហារូបករណ៍ និងសោហ៊ុយវិភាជន៍របស់ឯកឧត្តមបណ្ឌិត ប៉ែន ស៊ីម៉ន ឆ្នាំ ២០១៧ សរុបចំនួន ៦៤៥នាក់ ស្រីចំនួន៣៥១នាក់ ទាំងរៀននៅគ្រឹះស្ថានសិក្សានៅរាជធានីភ្នំពេញ និងខេត្តកំពត។
មានមតិផ្តាំផ្ញើ ឯកឧត្តមបណ្ឌិតទេសរដ្ឋមន្ត្រី ប៉ែន ស៊ីម៉ន បានធ្វើការណែនាំ និងផ្តល់អនុសាសន៍ល្អៗរបស់អ្នកប្រាជ្ញថ្នាក់ ដឹកនាំរៀមច្បង ដែលអនុវត្តការងារជូនជាតិ និងសង្គមប្រកបដោយជោគជ័យ ជូនដល់និស្សិតដែលទទួលបានអាហារូបករណ៍ទាំងអស់ ដើម្បីបានជាគតិអប់រំ និងកសាងខ្លួនអោយក្លាយជាបុគ្គលពោរពេញដោយសមត្ថភាព ថាមពល បញ្ញញាណ និងគុណធម៌ ពិសេសសុំអោយក្មួយៗត្រូវមានការជឿជាក់លើខ្លួនឯង ខិតខំរៀនសូត្រអោយខ្លាំងក្លា ដើម្បីនាំមកនូវជ័យជំនះ និងការបម្រើគ្រួសារសង្គមជាតិ អោយមានសុខសន្តិភាព ក្តីក្សេមសាន្តសម្បូររុងរឿង ព្រមទាំងបានប្រកាស សមាសភាពក្រុមជួយមិត្ត នៃក្រុមការងារអាហា រូបករណ៍ដើម្បីជួយដោះស្រាយនូវទុក្ខលំបាករបស់និស្សិតដែលជួបប្រទះបញ្ហាធ្ងន់ធ្ងរនៅពេលទៅសិក្សានៅទីឆ្ងាយ ក៏ដូចជាការផ្តល់ពត៌មានទំនាក់ទំនង ជូនឯកឧត្តមអោយជួយសម្របសម្រួលធុរៈណាមួយជាយថាហេតុ៕