ក្នុងបរិវេណស្នាក់ការគណបក្សប្រជាជនកម្ពុជាស្រុកឈូក នាព្រឹកថ្ងៃទី១៣ ខែសីហា ឆ្នាំ២០១៧ ឯកឧត្តមបណ្ឌិតទេសរដ្ឋមន្ត្រី ប៉ែន ស៊ីម៉ន ទីប្រឹក្សាផ្ទាល់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា និងជាអនុប្រធានទី១ក្រុមការងារថ្នាក់កណ្តាល ចុះជួយខេត្តកំពត បានជួបសំណេះសំណាលជាមួយសិស្សថ្នាក់ទី១២ ឆ្នាំសិក្សា២០១៦-២០១៧ មកពីវិទ្យាល័យចំនួន ០៧របស់ស្រុកជុំគិរី ស្រុកដងទង់ និងស្រុកឈូក ចំនួន ១,៣១៣នាក់ ដែលត្រៀមប្រឡងយកសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ ព្រមទាំងលោកគ្រូ អ្នកគ្រូ គណៈគ្រប់គ្រងវិទ្យាល័យ ៧៧នាក់។
ពិធីនេះមានការអញ្ជើញចូលរួមពីសំណាក់ឯកឧត្តម ចាន់ ចេស្តា អភិបាល នៃគណៈអភិបាលខេត្ត និងជាប្រធានគណៈកម្មាធិការគណបក្សប្រជាជនកម្ពុជាខេត្តកំពត ព្រមទាំងសមាជិកប្រតិភូអមដំណើរជាច្រើនរូបទៀត។
បន្ទាប់ពីជំរុញលើទឹកចិត្តដល់បេក្ខជនអោយប្រឹងប្រែងអស់ពីសមត្ថភាពដែលខ្លួនមាន ដើម្បីទទួលជោគជ័យក្នុងការប្រឡង ឯកឧត្តមបណ្ឌិតបានតម្រូវឲ្យសិស្សច្បង ធ្លាប់ជាប់ចំណាត់និទ្ទេស A កន្លងមក ធ្វើបទបង្ហាញដើម្បី ចែករំលែកបទពិសោធន៍ដល់សិស្សប្អូនទុកជាទុនយកទៅអនុវត្តទៅថ្ងៃខាងមុខបន្ថែមទៀត។
ក្នុងពិធីនេះ ឯកឧត្តមបណ្ឌិត ប៉ែន ស៊ីម៉ន បានឧបត្ថម្ភថវិកាដល់សិស្សានុសិស្សទាំង ១,៣១៣នាក់ ដែលម្នាក់ៗទទួលបាន ៥០,០០០រៀល ព្រមទាំងលោកគ្រូ អ្នកគ្រូ និងគណៈគ្រប់គ្រងវិទ្យាល័យចំនួន ៧៧នាក់ ដោយម្នាក់ៗផ្តល់ជូន ១០០,០០០រៀល។
នៅរសៀលថ្ងៃដដែល ពិធីដូចគ្នាក្រោមអធិបតីភាពឯកឧត្តមបណ្ឌិតទេសរដ្ឋមន្ត្រី ប៉ែន ស៊ីម៉ន និងអញ្ជើញចូលរួមពីឯកឧត្តមប្រធានក្រុមប្រឹក្សាខេត្ត ឯកឧត្តមអភិបាលនៃគណៈអភិបាលខេត្តកំពត ព្រមទាំងប្រតិភូអមដំណើរជាច្រើនរូបទៀតបានធ្វើឡើងនៅបរិវេណវិទ្យាល័យជាស៊ីមអង្គរជ័យស្ថិតក្នុងឃុំតានី ស្រុកអង្គរជ័យដោយមានសិស្សានុសិស្ស ៦៦៦នាក់ គ្រូបង្រៀនស្ម័គ្រចិត្ត ៣៨នាក់ គណៈគ្រប់គ្រង ១៦នាក់មកពីវិទ្យាល័យចំនួន ០៥ទូទាំងស្រុក៕