បន្ទាប់ពីបានជូបសំណេះសំណាលជាមួយសិស្សា នុសិស្សត្រៀមប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយ ភូមិឆ្នាំសិក្សា២០១៦-២០១៧ ក្នុងស្រុកបន្ទាយមាស និងស្រុកកំពង់ត្រាច កាលពីព្រឹកថ្ងៃទី១២ ខែសីហា ឆ្នាំ២០១៧ ដែលនឹងប្រព្រឹត្តទៅនៅពេលដ៏ខ្លីខាងមុខ នារសៀលថ្ងៃដដែល ឯកឧត្តមបណ្ឌិតទេសរដ្ឋមន្ត្រី ប៉ែន ស៊ីម៉ន សមាជិកគណះកម្មាធិការកណ្តាល និងជាអនុប្រធាន១ក្រុមការងារថ្នាក់កណ្តាលចុះជួយខេត្តបានបន្តជួបជាមួយសិស្សានុសិស្សថ្នាក់ទី១២ ក្នុងក្រុងកំពត និងស្រុកទឹកឈូ មកពីវិទ្យាល័យបួនចំនួន ៦៦៧នាក់ និងលោកគ្រូ អ្នកគ្រូ ៣៥នាក់ ព្រមទាំងគណៈគ្រប់គ្រងវិទ្យាល័យ១២នាក់ សម្រាប់ពិធីដូចគ្នានោះនៅសាលប្រជុំរបស់សណ្ឋាគារមិត្តភាពកណ្តាលក្រុងកំពត។
សំណេះសំណាលក្នុងពិធីនេះ ឯកឧត្តមបណ្ឌិត ប៉ែន ស៊ីម៉ន បានមានប្រសាសន៍ផ្តាំផ្ញើដល់បេក្ខជន ទាំងអស់ឱ្យប្រមូលយកចំណេះជំនាញដែលទទួលបានពីការសិក្សារយៈពេល១២ឆ្នាំមកប្រើប្រាស់ក្នុងពេលប្រឡងដើម្បីឈានទៅកាន់ភាពជោគជ័យ ។ ឯកឧត្តមបានធ្វើការណែនាំដល់ក្មួយៗ ចៅៗ ឱ្យយល់ពីផលលំបាកនៃភាពខ្វះខាតគ្រប់បែបយ៉ាងក្នុងអំឡុង ពេលប្រទេសជាតិគ្មានសន្តិភាព។ ជាមួយគ្នានេះដែរ ឯកឧត្តមបណ្ឌិត បានកោតសរសើរ និងថ្លែងអំណរគុណជាពិសេសចំពោះលោកគ្រូ អ្នកគ្រូដែលចំណាយកម្លាំងកាយ កម្លាំងចិត្ត ព្រមទាំងលះបង់ពេលវេលាក្នុងការបង្រៀនបំប៉នសម្រាប់សិស្សានុសិស្សត្រៀម ប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិនេះ៕