ឯកឧត្ដមបណ្ឌិត ប៉ែន ស៊ីម៉ន ទីប្រឹក្សាផ្ទាល់សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា សមាជិកគណះកម្មាធិការកណ្តាលគណបក្សប្រជាជនកម្ពុជា និងជាអនុប្រធានទី១ ក្រុមការងារថ្នាក់កណ្តាលចុះជួយខេត្តកំពត។ នៅព្រឹកថ្ងែទី០៩ ខែឧសភា ឆ្នាំ២០១៧ បានអញ្ជើញជាអធិបតី ក្នុងពិធីបញ្ចុះបឋមសិលាកសាងអគាសិក្សា ០១ខ្នងនៅសាលាបឋមសិក្សាត្រពាំងពោន ស្ថិតនៅក្នុងវត្តសុវណ្ណបុទុម ភូមិត្រពាំងពោន ឃុំបន្ទាយមាសខាងកើត ស្រុកបន្ទាមាសខេត្តកំពត។
ពិធីនេះបានប្រព្រឹត្តទៅតាមបែបព្រះពុទ្ធសាសនា រួមនិងធ្វើក្រុងពាលីបួងសួងសុំសេចក្ដីសុខចម្រើន ពីម្ចាស់ទឹកម្ចាស់ដីដែលថែរក្សានៅក្នុងទីអារាមវត្តសុវណ្ណបុទុមនេះ។ ហើយក៏មានវត្តមានចូលរួមផងដែរពីសំណាក់ លោកជំទាវ អ៊ុន សុគន្ធា អ្នកតំណាងរាស្ត្រមណ្ឌលកំពត ឯកឧត្ដម ចាន់ ចេស្ដា អភិបាលនៃគណៈភិបាលខេត្ត រួមនឹងថ្នាក់ដឹកនាំ មន្ទីរអង្គភាព អាជ្ញាធរ និងប្រជាពលរដ្ឋក្នុងមូលដ្ឋានយ៉ាងកុះករ។ អគារសិក្សា០១ខ្នង ដែលត្រូវសាងសង់នេះ ធ្វើពីបេតុង មាន០៥បន្ទប់ត្រូវចំណាយថវិកា អស់ចំនួន ៤៥,០០០ដុល្លាត្រូវប្រើ រយៈពេលសាងសង់១០០ថ្ងៃ ជាអំណោយរបស់ ឯកឧត្តមបណ្ឌិត ប៉ែន ស៊ីម៉ន។
មានប្រសាសន៍សំណេះសំណាល ឯកឧត្ដមបណ្ឌិត ប៉ែន ស៊ីម៉ន បាននាំមកនូវប្រសាសន៍ផ្ដាំផ្ញើ សួរសុខទុក្ខពីសម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា និងជាប្រធានគណបក្ស ប្រជាជនកម្ពុជា ជូនចំពោះប្រជាពលរដ្ឋនាឱកាសនោះ។ ដែលជានិច្ចកាលសម្ដេចតែងតែបានយកចិត្តទុកដាក់គិតគូរខ្ពស់ ពីសុខទុក្ខលំបាក ក្ដីកង្វល់ បញ្ហាប្រឈម និងសំណូមពរនានារបស់ប្រពលរដ្ឋ និងបានខិតខំដោះស្រាយរាល់ការលំបាកផ្សេងៗ ព្រមទាំងជម្រុញល្បឿននៃការភិវឌ្ឍុន៍ប្រទេសជាតិឈានឆ្ពោះទៅកាន់ភាពរីកចម្រើន និងកាត់បន្ថយបានភាពក្រីក្ររបស់ប្រជាពលរដ្ឋជាបន្តបន្ទាប់។
ឯកឧត្ដម បណ្ឌិត ប៉ែន ស៊ីម៉ន ក៏បានមាន ប្រសាសន៍ រំលឹកថា ប្រទេសជាតិបើគ្មានសុខសន្តិភាពគឺកុំថាឡើយការអភិវឌ្ឍន៍ សូម្បីសិទ្ធិសេរីភាពផ្សេងៗក៏គ្មានដែរ។ ដូច្នេះតាមរយៈគោលនយោបាយយុទ្ធ សាស្ត្រ របស់រាជរដ្ឋាភិបាល ក្រោមការដឹកនាំដ៏ត្រឹម ត្រូវរបស់សម្ដេចតេជោ ហ៊ុន សែន គឺបានពង្រឹង និងធានាបាន នាំមកនូវសុខសន្តិភាពស្ថិរភាពនយោបាយ ផ្ទៃក្នុងបានល្អប្រសើរ រួមនិងការកសាងបាននូវសមិទ្ធផលធំៗជាច្រើនទៀតជូនជាតិ និងប្រជាជនយើង។ ហើយក្នុងនោះ សម្ដេចក៏បានខិតខំយកចិត្តទុកដាក់បង្កើតការងារជូនប្រជាពលរដ្ឋអោយបានកាន់តែច្រើនឡើងដើម្បីបង្កើនជីវភាពអោយបានល្អប្រសើរជាបណ្ដើរៗ តាមរយៈការគៀរគរប្រភពទុននិងទាក់ ទាញ ដៃគូវិនិយោគទុនបង្កើតរោងចក្រ សហគ្រាស មករកស៉ីនៅកម្ពុជាផងដែរ។
ជាមួយនេះដែរឯកឧត្តម ក៏បានសំណូមពរដល់ប្រជាពលរដ្ឋអោយមានជំនឿទុកចិត្តលើការដឹកនាំដ៏ត្រឹមត្រូវរបស់សម្ដេចតេជោ ហ៊ុនសែន ដែលបច្ចុប្បន្នប្រទេសជាតិកំពុងតែមានសុខសន្តិភាពនិងមានការអភិវឌ្ឍន៍រីកចម្រើនលើគ្រប់វិស័យបម្រើបាននូវសេចក្ដីត្រូវការរបស់ប្រជាពលរដ្ឋ ហើយឈានដល់ដំណាក់ កាល មួយដែលធ្វើអោយជីវភាពប្រជាជនមានការរីកចម្រើននៅក្នុងគ្រួសារ។
ដូច្នេះហើយ ក៏សូមអំពាវនាវ ដល់ប្រជាពលរដ្ឋទាំងអស់ អោយចូលរួមបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សា ឃុំសង្កាត់ នាពេលខាងមុខអោយបានគ្រប់គ្នា។ ក្នុងឱកាសនោះ ឯកឧត្ដមបណ្ឌិត ប៉ែន ស៊ីម៉ន ក៏បានប្រកាសផ្ដល់អគារសិក្សាថ្មីបន្ថែម០១ខ្នងទៀត នៅក្នុងសាលាបឋមសិក្សាត្រពាំងពោននេះ និងបានប្រគេនថវិកា ដល់ចៅអធិការវត្តក្រាំងទឹក នៅក្នុងឃុំត្នោតចុងស្រង់ ចំនួន ១០លានរៀល និងបានជូនថវិកា ដល់ប្រជាពលរដ្ឋលោកយាយលោកតាចាស់ៗ ចំនួនជាង ៥០០នាក់ក្នុងម្នាក់ ២ម៉ឺនរៀល និងសិស្សសាលាជាង៣០០នាក់ ម្នាក់៥០០០រៀល ព្រមទាំងចំណាយថវិកាមួយចំនួនទៀតសម្រាប់ក្នុងពិធីនេះផងដែរ៕