កាលពីព្រឹកថ្ងៃទី២៤ ខែមេសា ឆ្នាំ២០១៧ ឯកឧត្តមបណ្ឌិត ប៉ែន ស៊ីម៉ន ទីប្រឹក្សាផ្ទាល់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញចូលរួមក្នុងពិធីស្រោចស្រពសុគន្ធវារីប្រគេនព្រះអនុគណ មន្ត្រីសង្ឃ ព្រះចៅអធិការ គ្រូសូត្រស្តាំ គ្រូសូត្រឆ្វេងចំនួន៦៧អង្គ មកពីគ្រប់ទីអារាមទូទាំងស្រុកបន្ទាយមាស។ ពិធីនេះរៀបចំឡើងដោយមន្ទីរធម្មការ និងសាសនា សហការជាមួយអាជ្ញាធរស្រុកបន្ទាយមាស ស្ថិតនៅទីអារាមវត្តសំរោង ក្នុងភូមិសំរោង ឃុំសំរោងក្រោម ស្រុកបន្ទាយមាស។
ឆ្លៀតក្នុងឱកាសនេះ ឯកឧត្តមបណ្ឌិត ប៉ែន ស៊ីម៉ន បានមានប្រសាសន៍ផ្តាំផ្ញើ ដល់បងប្អូនប្រជាពលរដ្ឋដែលបានចុះឈ្មោះត្រូវទៅបោះឆ្នោតទាំងអស់គ្នា។ ឯកឧត្តមបានរំលឹកថា ក្នុងនាមជាសាសនិកប្រណិប័តន៍នូវគន្លងព្រះពុទ្ធដ៏ល្អផូរផង់ បងប្អូនត្រូវមើលឱ្យឃើញ និងយល់ច្បាស់នូវអ្វីដែលជាការពិត ពោលគឺមិនត្រូវជឿតាមពាក្យភូតភររបស់ក្រុមខិលខូចដោយមិនបានធ្វើអ្វីឱ្យលេចចេញជាលទ្ធផល ហើយដើរអួតអាង បង្កាច់បង្ខូចគេខំធ្វើល្អនោះឡើយ។ និយាយឱ្យចំ ដើម្បីរក្សាការពារសន្តិភាពឱ្យនៅគងវង្ស ព្រមទាំងមានការអភិវឌ្ឍបន្តសម្រាប់អនាគតកូនចៅជំនាន់ក្រោយ បងប្អូនត្រូវមានជំនឿជាក់លើគោលការណ៍ដឹកនាំរបស់សម្តេចអគ្គមហាសេនាបតីតេជោហ៊ុន សែន ដែលត្រូវបានទទួលស្គាល់ជាលក្ខណៈជាតិ និងអន្តរជាតិដូចសព្វថ្ងៃនេះ៕