កាលពីព្រឹកថ្ងៃទី១៩ ខែមេសា ឆ្នាំ២០១៧ ឯកឧត្តម នឹម ច័ន្ទតារា តំណាងរាស្ត្រគណបក្សប្រជាជនកម្ពុជាមណ្ឌលកំពត និងឯកឧត្តម ចាន់ ចេស្តា ប្រធានគណៈកម្មាធិការគណបក្សប្រជាជនកម្ពុជា ខេត្តកំពត ព្រមទាំងមន្ត្រីអមដំណើរមួយចំនួនបានអញ្ជើញចុះជួបសាកសួរសុខទុក្ខ និងសំណេះសំណាលជាមួយសមាជិក-សមាជិកាគណបក្សប្រជាជនកម្ពុជា ប្រមាណជាង២០០នាក់ ស្ថិតនៅភូមិដំណាក់ឈើក្រំ ឃុំស្នាយអញ្ជិត ស្រុកជុំគិរី ខេត្តកំពត។
ក្រៅពីសម្តែងកិច្ចគួរសម និងការសួរសុខទុក្ខនាពេលនោះ ថ្នាក់ដឹកនាំទាំងពីររូបក៏បានមានប្រសាសន៍ទៅកាន់សមាជិក-សមាជិកា ផងដែរថាក្នុងនាមជាពុទ្ធបរិស័ទកំពុងគោរព ប្រណិប័តន៍តាមគន្លងសាសនាដ៏ល្អផូរផង់ យើងត្រូវទទួលស្គាល់ពីអ្វីដែលបានកើតឡើងនៅចំពោះមុខពិតប្រាកដ។
ឯកឧត្តមទាំងពីរក៏បានមានប្រសាសន៍បន្តក្នុងន័យស្រដៀងគ្នាថាថ្នាក់ដឹកនាំកំពូលរបស់យើងគឺសម្តេចអគ្គមហាសេនាបតីតេជោហ៊ុន សែន ក៏ដូចជាថ្នាក់ដឹកនាំទាំងអស់ក្នុងជួររាជរដ្ឋាភិបាល និងគណបក្សប្រជាជនកម្ពុជាបច្ចុប្បន្ន បានខិតខំប្រឹងប្រែងធ្វើ និងបង្កើតសមិទ្ធផលគ្រប់វិស័យ ប៉ុន្តែមិនអួតអាងដូចក្រុមខ្លះដែលដើរកុហកភូតភរ សន្យាខ្យល់ក្នុងគោលបំណងស្វែងរកការគាំទ្រពីបងប្អូនតាមរយៈពាក្យបោកបញ្ឆោតដើម្បីតែអំណាចនោះឡើយ៕