ឯកឧត្ដម នៃ ប៉េណា អញ្ជើញចូលរួមបុណ្យកាន់បិណ្ឌវេនទី៧ នៅវត្តស្នំប្រាំពីរ ស្រុកទឹកឈូ ខេត្តកំពត


នា​ឱកាស​ពិធី​បុណ្យកាន់បិណ្ឌ​ឆ្នាំ​នេះ​ក៏​ដូច​ឆ្នាំ​កន្លងទៅ ប្រជា​ពុទ្ធបរិស័ទ​នៅ​ទូទាំង​ប្រទេស​តែងតែ​នាំ​គ្នា​ទៅ​ចូល
រួម​កាន់បិណ្ឌ​នៅ​តាម​ទី​អារាម​នានា​ដោយ​បាន​នាំយក​នូវ​ចង្ហាន់​គ្រឿងឧបភោគ​បរិភោគ ទេយ្យវត្ថុ និង​បច្ច័យ​
ដើម្បី​វេរ​ប្រគេន​ដល់​ព្រះសង្ឃ​សំដៅ​ឧទ្ទិស​មហាកុសល​ផល​បុណ្យ បញ្ជូន​ទៅ​ដល់​បុព្វការី​ជន​មាន​មាតាបិតា ញាតិ​កា​ទាំង​៧​សន្ដាន ដែល​បាន​បាក់បែក​ចែក​ឋាន​ទៅកាន់​លោក​ខាងមុខ និង​សូម​ឲ្យ​អ្នក​ទាំងនោះ​បាន​ទៅ​ចាប់​បដិសន្ធិ​នៅ​សុគតិភព​កុំបី​ឃ្លៀងឃ្លាត​ឡើយ​។​

​ដោយឡែក​នៅ​ព្រឹក​ថ្ងៃទី​៨​រោជ​ខែ​ភទ្របទ​ឆ្នាំ​វក អដ្ឋស័ក ព.​ស​​២៥៦០ ត្រូវ​ថ្ងៃ​ទី​២៤​ខែ​កញ្ញា​ឆ្នាំ​២០១៦ ឯកឧត្ដម នៃ ប៉េ​ណា អនុប្រធាន​ទី​១​ព្រឹទ្ធសភា និង​ក្រុមគ្រួសារ ព្រមទាំង ឯកឧត្ដម លោកជំទាវ លោក លោកស្រី សមាជិក រដ្ឋសភា ព្រឹទ្ធសភា រាជរដ្ឋាភិបាល ក្រុុមប្រឹក្សា និង​គណៈ​អភិបាលខេត្ត រួម​និង​មន្ត្រីរាជការ​ក្នុង​ខេត្ត ប្រជា​ពុទ្ធបរិស័ទ​ជិត​ឆ្ងាយ បាន​ចូលរួម​កាន់បិណ្ឌ​វេន​ទី​៧ នៅ​វត្ត​ស្នំ​៧ ឃុំ​ម៉ាក់​ប្រាង្គ ស្រុក​ទឹកឈូ​ខេត្ត​កំពត​។ ពិធី​កាន់បិណ្ឌ​បាន​ប្រព្រឹត្តទៅ តាម​ប្រពៃណី​ព្រះពុទ្ធសាសនា​ដ៏​រុងរឿង​នៃ​យើង ដោយ​ឯកឧត្ដម នៃ ប៉េ​ណា រួម​និង​សហ​រី​បាន​នាំយក​នូវ​ចង្ហាន់ គ្រឿងឧបភោគ​បរិភោគ ទេយ្យវត្ថុ និង​បច្ច័យ​វេរ​ប្រគេន​ព្រះសង្ឃ​ព្រមទាំង រាប់​បាត​បួងសួង​ឧទ្ទិស​មហាកុសល​ផល​បុណ្យ​ជូន​ចំពោះ​បុព្វការី​ជន មាន​មាតាបិតា ញាតិ​កា​ទាំង​៧​សន្ដាន ដែល​បាន​បាក់បែក​ចែក​ឋាន​ទៅកាន់​លោក​ខាងមុខ​និង​សូម​ឲ្យ​អ្នក​ទាំងនោះ​បាន​រំដោះ​នូវ​កម្ម​ពារ​វេរៀ​ទាំងឡាយ ឲ្យ​ចាក​ផុត​ចេញពី​ភព​ខ្ពើម​ទាំងពួង និង​ទៅ​ចាប់បដិសន្ធិ​នៅ​សុគតិភព​កុំបី​ឃ្លៀងឃ្លាត​ឡើយ​។

មានប្រសាសន៍​សំណេះសំណាល ក្នុងឱកាស​នោះ ឯកឧត្ដម នៃ ប៉េ​ណា បាន​លើក​បញ្ជាក់​ថា​ការជួបជុំ​ធ្វើបុណ្យ​ដូច​ពេល​នេះ ក៏​ដូច​ប្រជាពលរដ្ឋ​ទូទាំង​ប្រទេស​ដែល​កំពុង​បាន​ធ្វើ​ដូច​គ្នា​ផង​ដែរ​នោះ​គឺ​ផ្ដើមចេញ​ពី​ប្រទេសជាតិ​យើង​កំពុង​មាន​សុខសន្តិភាព​ដូច​សព្វថ្ងៃ ក្រោម​ការដឹកនាំ​ដោយ​នយោបាយ​ឈ្នះៗ​របស់​សម្ដេច​តេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃ​ព្រះរាជាណាចក្រ​កម្ពុជា​។ ហើយ​ឯកឧត្ដម​ក៏​បាន​ថ្លែងអំណរគុណ កោតសរសើរ​ចំពោះ សហការី ប្រជា​ពុទ្ធបរិស័ទ​ទាំងអស់​ដែល​បាន​ចូលរួម​កាន់បិណ្ឌ​នាពេល​នេះ​ដើម្បី រួមគ្នា​លើកកម្ពស់​វប្បធម៌​ប្រពៃណី ព្រះពុទ្ធសាសនា​ដែល​ជា​សាសនា​របស់​រដ្ឋ​ដ៏​រុង​នៃ​យើង​។ ក្នុងឱកាស​នោះ ឯកឧត្ដម​ នៃ​ ​ប៉េណា​ និង​សហការី ក៏​បាន​វេរ​ប្រគេន​បច្ច័យ​ចំនួន ១៦​លាន​រៀល​រួម​និង​គ្រឿងឧបភោគ​បរិភោគ និង​ទេយ្យវត្ថុ មួយ​ចំនួន​ដល់​ព្រះសង្ឃ​នៃ​ពិធី​បុណ្យកាន់បិណ្ឌ​នេះ​ផងដែរ​៕

photo_2016-09-25_13-29-41 photo_2016-09-25_13-24-44 photo_2016-09-25_13-29-17 photo_2016-09-25_13-24-17photo_2016-09-25_13-29-46 photo_2016-09-25_13-29-52