លោកជំទាវ អ៊ុន-សុគន្ធា ចុះជួបសំណេះសំណាលនិងស្វែងយល់ជាមួយគ្រួសារកសិករ បង្កើតមុខជំនាញបណ្ដុះផ្សិតក្នុងស្រុកទឹកឈូ


ជំនាញបណ្ដុះផ្សិតខ្នាតតូចជាលក្ខណៈគ្រួសារគឺជាមុខរបរមួយ បន្ទាប់បន្សំអាចទាញបានជាប្រាក់ចំណូលមួយផ្នែកជួយសម្រាលដល់សេដ្ឋកិច្ចគ្រួសារផងដែរ។ ដោយមានចំណាប់អារម្មណ៍និងមើលឃើញពីភាពជោគជ័យនិងមានសារៈសំខាន់ព្រមទាំងមានលក្ខណៈងាយស្រួល នៃមុខរបរ ជំនាញវិជ្ជាជីវៈនេះ ក្នុងការ ជួយសម្រាល
បានមួយផ្នែកលើជីវភាពសេដ្ឋកិច្ចគ្រួសារ មិនថា កសិករឬអ្នកប្រកបមុខរបរផ្សេងៗអ្វីឡើយក៏អាចធ្វើបានដូចគ្នាដែរនោះ។ នៅថ្ងៃទី៣០ខែកក្កដា ឆ្នាំ២០១៦ លោកទំទាវ អ៊ុន-សុគន្ធា អ្នកតំណាងរាស្ត្រមណ្ឌលកំពត អមដំណើរជាមួយ ដោយលោកហ៊-សូរិនប្រធានមន្ទីរអភិវឌ្ឍជនបទខេត្តកំពតនិង សហការី បានអញ្ជើញចុះជួបសំណេះសំណាលនិង ស្វែងយល់ ជាមួយនិងគ្រួសារ កសិករអ្នកបណ្ដុះផ្សិតចំនួនពីរគ្រួសារ នៅក្នុង ឃុំត្រពាំងសង្កែ និងឃុំត្រពាំងព្រីងក្នុងស្រុកទឹកឈូខេត្តកំពត ។ គ្រួសារទាំង ២នាក់នេះគឺជាសមាជិកក្នុងចំណោម សិក្ខាកាម ប្រមាណ១៥០នាក់ដែលបានចូលរួមទទួលការបណ្ដុះបណ្ដាលនូវ មុខជំនាញវិជ្ជាជីវៈចំនួន៣មុខជំនាញផ្សេងគ្នា ពីការបណ្តុះបណ្តាលឡើង ដោយមជ្ឍមណ្ឌលបណ្តុះបណ្តាលវិជ្ជាជីវៈ ជំនាញមូលដ្ឋាន នៃមន្ទីរអភិវឌ្ឍជនបទខេត្តកំពតដែលបានបង្កើតឡើងមានរយៈពេល២ឆ្នាំមកហើយ។នោះ គឺមុខជំនាញ កាត់សក់ មុខជំនាញបណ្ដុះផ្សិត និងមុខជំនាញកុំព្យូទ័រ នេះបើតាមការ ឲ្យដឹងពីមន្ត្រីនៃមន្ទីរអភិវឌ្ឍជនបទខេត្តកំពត។ ជាមួយការចុះជួបសំណេះសំណាលស្វែងយល់នេះ លោកទំទាវអ៊ុន-សុគន្ធា បានមានប្រសាសន៍សំដែងការកោតសរសើរចំពោះគ្រួសារកសិករអ្នកបណ្ដុះផ្សិតទាំងពីរនាក់ ដែលមានគំនិតឧស្សាព្យាយាម ចាប់យកមុខរបរនេះដែលអាចជួយបង្កើនប្រាក់ចំណូល ដល់សេដ្ឋកិច្ចគ្រួសារ មួយកំរិតបានសមរម្យ ស្របទៅនឹងអ្វីដែលជាគោលនយោបាយរបស់រាជរដ្ឋាភិបាលក្រោមការដឹកនាំរបស់សម្ដេចតេជោហ៊ុន-សែន ដែលតែងតែបានជំរុញដាក់ចេញឲ្យអនុវត្តការបណ្តុះបណ្តាលមុខជំនាញវិជ្ជាជីវៈ ជូនដល់ប្រជាពលរដ្ឋសំដៅរួមចំណែក ធ្វើឲ្យជីវភាពមានលក្ខណៈកាន់តែល្អប្រសើរឡើង។ លោកជំទាវអ្នកតំណាងរាស្ត្រ ក៏បានកោតសរសើរ និងផ្ដាំផ្ញើ ដល់មន្ត្រីនៃមន្ទីរអភិវឌ្ឍជនបទខេត្តកំពតដែលបានបង្កើតនូវវគ្គបណ្ដុះបណ្ដាលមុខជំនាញវិជ្ជាជីវៈនេះឡើងនិងត្រូវបន្ត ជម្រុញបង្កើតឲ្យមានវគ្គបណ្ដុះបណ្ដាល ជំនាញវិជ្ជាជីវៈថ្មីៗបន្ថែមទៀត សំរាប់បណ្ដុះបណ្ដាលជូនដល់ប្រជាពលរដ្ឋយើងឲ្យមានមុខជំនាញបានច្រើនដើម្បីបានយកមកប្រកបរបរចិញ្ចឹមជីវិតមានជីវភាពសមរម្យជាលក្ខណៈគ្រួសារគ្រប់ៗគ្នា។ លោកជំទាវ អ្នកតំណាងរាស្ត្រក៏បានផ្ដាំផ្ញើផងដែរ ដល់អាជ្ញាធរមូលដ្ឋាន ត្រូវខិតខំយកចិត្តទុកដាក់បង្កលក្ខណៈជួយជំរុញដល់បងប្អូនប្រជាពលរដ្ឋយើងក្នុងមូលដ្ឋាន ដែលមានបំណងស្វែងរកសេវាបណ្ដុះបណ្តាលមុខជំនាញវិជ្ជាជីវៈពីក្រសួង មន្ទីរ ស្ថាប័នរដ្ឋឬអង្គការសង្គមស៊ីវិលផ្សេងៗឲ្យអស់លទ្ធភាពដែលយើងមាន ដើម្បីបង្កើតមុខរបរក៏ដូចជាការកាត់បន្ថយការធ្វើចំណាកស្រុកទៅរកការងារធ្វើឆ្ងាយពីផ្ទះសំបែងដល់ពួកគាត់ផងដែរ។ សូមបញ្ជាក់ផងដែរថាបើតាមការឱ្យដឹង ពីកសិករអ្នកបណ្ដុះផ្សិត ជាលក្ខណៈគ្រួសារខ្នាតតូចនេះ បើមានការចំណាយទុនទិញវត្ថុធាតុដើមអស់ប្រាក់ត្រឹមតែ ៤០ម៉ឺនរៀល អាចទទួលបានប្រាក់ចំណូល មធ្យមពី ២ម៉ឺនរៀលទៅ៤ម៉ឺនរៀលក្នុង១ថ្ងៃ អាស្រ័យទៅតាមធាតុអាកាស និងតម្រូវការទីផ្សារ និងអាចប្រមូលផលបាន រយៈពេលពី៦ខែទៅ៨ខែជាមធ្យម។

13882565_561162544094446_7862639811564757895_n13903189_561162550761112_4282019327245011649_n   13669771_561162487427785_4115086803440578119_n13903426_561162444094456_9212758646454210457_n