នៅរសៀល ថ្ងៃ ច័ន្ទ ទី៧ ខែធ្នូ ឆ្នាំ២០១៥ នេះ សម្តេចតេជោ ហ៊ុន សែន បានអនុញ្ញាត
ឲ្យប្រតិភូមិត្តភាពកម្ពុជា-ជប៉ុន ដឹកនាំដោយ លោក Masahiro IMAMURU និង លោកជំទាវ
Yuku OBUCHI ចូលជួបសម្តែងការគួរសម ។ លោក Masahiro ដែលបានមកទស្សនកិច្ចនៅកម្ពុជាគឺដើម្បីចូលរួមខួបលើកទី ៥០
នៃក្រុមស្ម័គ្រចិត្តយុវជនជប៉ុនសម្រាប់កិច្ចសហប្រតិបត្តិការក្រៅប្រទេស។ លោក Masahiro ក៏បានអបអរសាទរនូវការអភិវឌ្ឍដ៏ឆាប់រហ័សរបស់កម្ពុជាដែលខុសពី ១០ ឆ្នាំមុន ជាពិសេស លោកបានមើលឃើញពីការចូលរួមវិនិយោគរបស់វិនិយោគិនជប៉ុនដោយសារការទុកចិត្តទៅ
លើការដឹកនាំរបស់រាជរដ្ឋាភិបាលកម្ពុជា។ លោក Masahiro ក៏សន្យាថានឹងជម្រុញឲ្យសភាជប៉ុន អនុម័តការហោះហើរត្រង់មកកាន់កម្ពុជា ស្របទៅនឹងលំហូរចូលនៃវិនិយោគិន និងអ្នកទេសចរណ៍
ជប៉ុនមកកម្ពុជា។ សម្តេចតេជោ ហ៊ុន សែនបានថ្លែងអំណរគុណដល់ក្រុមស្ម័គ្រចិត្តយុវជនជប៉ុន
ដែលតែងតែជួយដល់កម្ពុជា ជាពិសេសក្រុមនាវាយុវជនអាស៊ីអាគ្នេយ៍ដែលតែងតែបើកចំហឲ្យ
យុវជនក្នុងតំបន់បានស្វែងយល់អំពីវប្បធម៍ ប្រពៃណី ចំណេះដឹងរវាងគ្នា និងគ្នាហើយសម្តេច សូមគាំទ្រឲ្យមានសកម្មភាពទាំងនេះអោយបានច្រើនបន្ថែមទៀត។ សម្តេចតេជោ ហ៊ុន សែន ក៏បានថ្លែងអំណរគុណដល់រដ្ឋាភិបាលជប៉ុនដែលបានជួយជំរុញកម្ពុជាលើគ្រប់វិស័យ ហើយសម្តេចក៏រង់ចាំដំណឹងល្អពីការហោះហើរត្រង់ជប៉ុន-កម្ពុជា។ សម្តេចតេជោ ក៏បានផ្តាំផ្ញើរសួសុខទុក្ខលោកនាយករដ្ឋមន្រ្តីអាបេផងដែរ ៕