នៅព្រឹកថ្ងៃចន្ទ ១១រោច ខែស្រាពណ៍ ឆ្នាំកុរ ឯកស័ក ព.ស២៥៦៣ នៅមន្ទីរគណបក្សប្រជាជនកម្ពុជាខេត្តកំពតបានបើកវគ្គអប់រំនយោបាយលើកទី៧ (វគ្គទី៧) ក្រោមអធិបតីភាពឯកឧត្តម អុឹង ម៉េងហួរ សមាជិកគណៈកម្មាធិការកណ្តាលគណបក្សប្រជាជនកម្ពុជា អនុប្រធានគណ:កម្មាធិកាគណបក្សប្រជាជនកម្ពុជាខេត្តកំពត និងជាប្រធានគណៈប្រចាំការ និងមានការចូលរួមពីសំណាក់លោកប្រធានមន្ទីរគណបក្សខេត្ត ប្រធាន អនុប្រធានគណៈទាំង៥ និងប្រធាន អនុប្រធានការិយាល័យ សមាជិក សមាជិការបស់ការិយាល័យទាំងបី នៃគណៈឃោសនាអប់រំគណបក្សប្រជាជនកម្ពុជា រួមទាំងសិក្ខាកាមមកពីបណ្តាគណបក្សមូលដ្ឋាន និងសាខាបក្សតាមបណ្តាមន្ទីរអង្គភាពជុំវិញខេត្ត ចូលរួមចំនួន ១៣០នាក់។
បន្ទាប់ពីលោក តាក ហាប់ ប្រធានស្តទីគណៈឃោសនាអប់រំគណបក្សខេត្ត មានមតិស្វាគមន៍ និងធ្វើរបាយការណ៍ ជូនអង្គពិធីរួចមក ឯកឧត្តម អុឹង ម៉េងហួរ មានមតិសំណេះសំណាល និងបើកវគ្គដោយឯកឧត្តមគណអធិបតីបានសម្តែងនូវការអបអរសាទរស្វាគមន៍រីករាយចំពោះការបើកវគ្គនាថ្ងៃនេះ ដែលកន្លងមកគណបក្សខេត្តបានបើកវគ្គដូចថ្ងៃនេះបានចំនួន ០៦វគ្គ រួចមកហើយ ។ មិនតែប៉ុណ្ណោះយើងក៏មានថ្នាក់ដឹកនាំជាមន្ត្រីគណបក្សខេត្តជាច្រើនរូប ដែលត្រូវបានចូលរួមក្នុងវគ្គបណ្តុះបណ្តាលដូចនេះដែរ នៅស្នាក់ការកណ្តាលគណបក្សប្រជាជនកម្ពុជា(គ៨៥)ផងដែរ។ ឯកឧត្តមក៏បានកោតសរសើរចំពោះថ្នាក់ដឹកនាំ មន្ត្រីគណបក្សខេត្ត ដែលមានគំនិតផ្តួចផ្តើម បានរៀបចំឱ្យមានវគ្គអប់រំនាថ្ងៃនេះ និងសំណូមពរឱ្យសិក្ខាកាមទាំងអស់ យកចិត្តទុកដាក់ដោយមានស្មារតីខ្ពស់ ខិតខំរៀនសូត្រ ស្មារតីគោរពវិន័យ និងស្មារតីសាមគ្គីភាពរបស់សិក្ខាកាមក្នុងរយៈពេល ៦ថ្ងៃនេះ ។
នៅទីបញ្ចាប់ឯកឧត្តមគណអធិបតី បានសម្តែងនូវក្តីសង្ឃឹមទុកជាមុនថា សិក្ខាកាមទាំងអស់ ដែលនឹងទទួលការអប់រំនយោបាយនាពេលនេះ នឹងខិតខំបំពេញភារកិច្ច ដោយស្មារតីទទួលខុសត្រូវខ្ពស់ ដើម្បីបុព្វហេតុរួមរបស់គណបក្សយើងផង និងជាកិត្តិយសសំរាប់ខ្លួនឯងផ្ទាល់ផងដែលជាសមាជិកគណបក្សប្រជាជនកម្ពុជា។
សូមបញ្ជាក់ថាវគ្គអប់រំនយោបាយនេះមានរយះពេល៦ថ្ងៃ ចាប់ពីថ្ងៃទី២៦ ដល់ថ្ងៃទី៣១ ខែសីហាឆ្នាំ២០១៩ ដោយមានឯកសារចំនួន ៥សំរាប់ឧទ្ទេសនាមរួមមាន៖
១-ប្រវត្តិ សកម្មភាព ស្នាដៃ និងបទពិសោធន៍ របស់គណបក្ស
២-ខ្លឹមសារសំខាន់ៗ នៃកម្មវិធីនយោបាយរបស់គណបក្ស
៣-ការយល់ដឹងចាំបាច់អំពីលក្ខន្តិកៈគណបក្សប្រជាជន
៤-សភាពការណ៍កម្ពុជា និងបណ្តាភារកិច្ចចំពោះមុខ
៥-ការកសាងអត្ថចរិត សីលធម៌ល្អប្រពៃរបស់មន្ត្រីគណបក្ស៕
អត្ថបទៈ លោក វង្ស សុធារម្យ