នៅព្រឹកថ្ងៃពុធ ១៥កើត ខែផល្គុន ឆ្នាំច សំរឹទ្ធិស័ក ព.ស ២៥៦២ ត្រូវនឹងថ្ងៃទី២០ ខែមីនា ឆ្នាំ២០១៩ ឯកឧត្តមបណ្ឌិត ប៉ែន ស៊ីម៉ន សមា ជិកគណះកម្មាធិការកណ្តាល ប្រធានក្រុមការងារគណបក្សប្រជាជនកម្ពុជាថ្នាក់កណ្តាលចុះជួយខេត្តកំពត អ្នកតំណាងរាស្ត្រមណ្ឌលកំពត និងជាប្រធានគណះកម្មការទី១០ នៃរដ្ឋសភា ព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញចូលរួមជាមួយពុទ្ធបរិស័ទនាថ្ងៃសមាទានសីលនៅទីអា រាមវត្តអង្គខ្នា ឃុំប្ញស្សីស្រុកខាងកើត ស្រុកកំពង់ត្រាច ខេត្តកំពត។
ពិធីនេះក៏មានការបូលរួមអមដំណើរពីឯកឧត្តម ជាវ តាយ សមាជិកគណៈកម្មាធិការកណ្តាលគណបក្សប្រជាជនកម្ពុជា និងជាប្រធានគណៈកម្មាធិការគណបក្សខេត្ត និងជាអភិបាលខេត្តកំពត ឯកឧត្តម លោកជំទាវ លោក លោកស្រីជាថ្នាក់ដឹកនាំខេត្ត មន្ទីរ អង្គភាពជុំវិញខេត្ត កងកម្លាំងប្រដាប់អាវុធ ក្រុមប្រឹក្សា អភិបាលស្រុក ក្រុង និងមន្ត្រីមូលដ្ឋានឃុំ ភូមិ ព្រមទាំងប្រជាពលរដ្ឋ និងពុទ្ធបរិស័ទយ៉ាងច្រើនកុះករ ។
ក្នុងឱកាសនោះ ឯកឧត្តមបណ្ឌិត ប៉ែន ស៊ីម៉ន បានសំណេះសំណាល ពាំនាំការផ្តាំផ្ញើសាកសួរសុខទុក្ខ ពីសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ក៏ដូចជាការស្វែងយល់ពីទុក្ខលំបាកក្នុងការរស់ប្រចាំថ្ងៃ របស់លោកតាយាយ បងប្អូនប្រជាពលរដ្ឋ និងសិស្សានុសិស្សក្នុងមូលដ្ឋាននេះផងដែរ ។
ជាបន្តពីពិធីនេះ ឯកឧត្តមបណ្ឌិតបានចុះពិនិត្យមើលទីតាំងសាងសង់អគារសិក្សា ដែលជាអំណោយរបស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុនរ៉ានីហ៊ុនសែន តាមរយះ ឯកឧត្តមបណ្ឌិតផ្ទាល់ និងលោកជំទាវ ងី ស៊ុនសូភាព ជាភរិយា នៅសាលាចំនួន ៤ គឺសាលាបឋមសិក្សាភូមិថ្កូវ អគារមួយជាន់ មាន៦បន្ទប់ សាលាបឋមសិក្សា អនុវិទ្យាល័យ ភ្នំលក អគារមួយជាន់ មាន៥បន្ទប់ និងសាលាបឋមសិក្សាកោះក្រស្នា អគារមួយជាន់មាន ៥បន្ទប់។
ជាមួយនឹងការអញ្ជើញចុះសំណេះសំណាល និងពិនិត្យមើលអគារសិក្សាខាងលើនេះ ឯកឧត្តមបណ្ឌិត ក៏បានផ្តល់ថវិកាជូន លោកគ្រូ អ្នកគ្រូ និងប្អូនៗសិស្សានុសិស្ស ទាំងបួនសាលា នូវថវិកាចំនួន ១៣,៩៧៥,០០០៛ ជូនយាយជី តាជី ចំនួន៣០០នាក់ ថវិកាចំនួន៣,០០០,០០០៛ សរុបចំនួន ១៦,៩៧៥,០០០៛៕